កាលបរិច្ឆេទ: ០៧ កក្កដា ២០២២ / ម្ហូបអាហារ
កាលពីថ្ងៃទី២៥ – ២៦ មិថុនាកន្លងទៅនេះ មហោស្រពអន្តរជាតិលើកទីពីរស្តីពីដំណាំម្រេចត្រូវបានរៀបចំឡើងនៅឃុំ Rochecorbon ស្ថិតនៅក្នុងសង្កាត់ Indre-et-Loire ត្រង់ចំណុចកណ្តាលនៃប្រទេសបារាំង។ ហេតុអ្វីបានជាមហោស្រពម្រេចត្រូវបានរៀបចំឡើងនៅចំកណ្តាលតំបន់ចម្ការទំពាំងបាយជូរ Vouvray បែបនេះទៅវិញ? មូលហេតុគឺថា ក្រុមហ៊ុន Terre Exotique ដែលធ្វើអាជីវកម្មគ្រឿងទេសថ្លៃៗគុណភាពខ្ពស់តាមអនឡាញមានទីតាំងស្ថិតនៅក្នុងឃុំមួយនេះឯង ហើយក្រុមហ៊ុនខនខ្វីរេលគឺជាដៃគូអាជីវកម្មជាយូរមកហើយជាមួយក្រុមហ៊ុនមួយនេះ។
ព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនេះត្រូវបានបើកឲ្យសាធារណជនចូលរួមដោយឥតគិតថ្លៃ ដើម្បីឲ្យពួកគេបានស្វែងយល់ និងស្គាល់ពីប្រភពនៃដំណាំម្រេច ការដាំដុះ លក្ខណៈពិសេសនៃគ្រាប់ម្រេច និងការប្រើប្រាស់ម្រេចដែលក្រុមហហ៊ុន Terre Exotique បានព្យាយាមប្រឹងប្រែងផ្សព្វផ្សាយអស់រយៈពេលជាងម្ភៃឆ្នាំមកហើយ ដោយធ្វើការផ្សារភ្ជាប់វប្បធម៌ទៅនឹងសិល្បៈនៃការចម្អិនម្ហូប។ ការចែករំលែកចំណេះដឹងគឺជាគោលបំណងចម្បងនៃការរៀបចំមហោស្រពនេះដែលបានយកផលិតផលម្រេចធ្វើជាចំណុចប្រសព្វរវាងការធ្វើដំណើរ រុក្ខសាស្រ្ត សិល្បៈនៃការចម្អិនម្ហូប និងប្រវត្តិសាស្រ្ត។
នៅក្បែរផលិតផលម្រេចដែលមានស្លាកសញ្ញាសម្គាល់ IGP Bio KIRUM គេឃើញមានផលិតផលម្រេចមកពីបណ្តាប្រទេសផ្សេងៗទៀតផងដែរដូចជា ម្រេចប្រេស៊ីល ម្រេចកាមឺរូន ម្រេចកុងហ្គោ ម្រេចអេចូពី ម្រេចណេប៉ាល់ ម្រេចឈីលី ម្រេចវៀតណាម ម្រេចឥណ្ឌា ម្រេចមកពីកោះតាស្មានីប្រទេសអូស្រ្តាលី ម្រេចអ៊ីរ៉ង់ និងម្រេចមកពីតំបន់បាស្ក។
លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនខនហ្វីរេល បានចូលរួមផ្ទាល់ធ្វើជាតំណាងក្រុមហ៊ុនដើម្បីថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Terre Exotique ក្នុងការជួយផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល។ ក្រៅពីផលិតផលម្រេចរបស់យើង លោកឱសថបណ្ឌិតហៃ លីអ៊ាង ក៏បានធ្វើការបង្ហាញទៅដល់សាធារណជននូវផលិតផលតែកញ្ចុំផ្កាម្រេចម៉ាក KIRUM ផងដែរ ហើយផលិតផលនេះទទួលបានការចប់អារម្មណ៍យ៉ាងខ្លាំង។
លោកឧកញ៉ាបណ្ឌិតហៃ លីអ៊ាង មានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ៖ «ការទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់តែកញ្ចុំផ្កាម្រេចម៉ាក KIRUM ធ្វើឲ្យខ្ញុំសប្បាយរីករាយជាពន់ពេក ព្រោះថាផលិតផលនេះបង្ហាញពីលក្ខណៈពិសេសផ្ទាល់ខ្លួនតែមួយគត់របស់ក្រុមហ៊ុនខនហ្វីរេលដែលបានធ្វើអាជីវកម្មផលិតផលពិសេសខុសប្លែកពីគេ និងបានបង្ហាញថាចំណីអាហារល្អ គឺល្អសម្រាប់សុខភាព»។ ដើមម្រេចចាប់ផ្តើមដំបូងគឺផ្តល់ផ្កាដែលមានសារជាតិពីប៉េរីនតិចតួចណាស់ តែវាមានផ្ទុកសារជាតិប៉ូលីហ្វីណូលច្រើន ហើយសារជាតិទាំងនេះគឺល្អសម្រាប់ការពារកោសិកា និងកំចាត់ជាតិពុល។ Herbal Tea ផលិតឡើងពីកញ្ចុំផ្កាម្រេច និងជាផលិតផលតែទីមួយនៅកម្ពុជាដែលទទួលបានវិញ្ញាបនបត្រអន្តរជាតិ។ បន្ទាប់មកគ្រាប់ម្រេចមានផ្ទុកសារជាតិពីប៉េរីនច្រើនជាង និងសារជាតិប៉ូលីហ្វីណូតិចជាងផ្កា។ អ៊ីចឹងហើយបានជាគ្រាប់ម្រេចល្អសម្រាប់ការចម្អិនម្ហូប។ ចំណុចពិសេសរបស់ផលិតផលទាំងពីរនេះមិនបានរំលងពីភ្នែករបស់លោក Erwann de Keros ស្ថាបនិកក្រុមហ៊ុន Terre Exotique ឡើយ ព្រោះលោកនឹងធ្វើការដាក់លក់ផលិតផលគ្រឿងទេសទាំងអស់របស់ក្រុមហ៊ុនខនហ្វីរេល៕